ស្វែងយល់អំពី Phishing Scams
- តាំង ចន្ថា
- Mar 31
- 1 min read

Phishing scams គឺជាទម្រង់នៃការបោកបញ្ឆោតមួយដែលឧក្រិដ្ឋជនប្រើមធ្យោបាយបន្លំជនរងគ្រោះឲ្យអនុញ្ញាតឲ្យវាជ្រៀតចូលលួចទិន្នន័យផ្សេងៗពីទូរសព្ទដៃ ឬកំុព្យូទ័ររបស់ជនរងគ្រោះបាន។ ពាក្យ Phishing មកពីពាក្យ Fishing ដែលមានន័យប្រៀបប្រដូចទៅនឹងការស្ទួចត្រី។ ឧក្រិដ្ឋជនព្យាយាមប្រើនុយផ្សេងៗ ដើម្បីដាក់ឲ្យជនរងគ្រោះដែលជាគោលដៅរបស់វា ចាញ់បោកព្រមស៊ីនុយនោះ។ មធ្យោបាយ (សន្ទួច) ដែលវាប្រើមាន២ធំគឺ តាមរយៈអ៊ីយមែល និងសារ SMS។ ការឆបោកតាម SMS នេះ ភាសាអង់គ្លេសហៅថា SMISHING SCAM។ នុយដែលវាប្រើមានដូចជា៖
សារបំភ័យ៖ សារដើម្បីបំភ័យអ្នកប្រើឲ្យធ្វើសកម្មភាពឆ្លើយតបភ្លាមៗ ដោយចុចទៅលើ link មេរោគដែលវាផ្ញើមកនោះឯង។ វាអាចបំភ័យថា គណនីធនាគាររបស់ត្រូវបានគេបិទបណ្តោះអាសន្ន សូមចុចលើ link នេះដើម្បីដោះស្រាយ ឬថា Facebook Page របស់អ្នកត្រុវបានចាប់ថាមានបញ្ហាមិនដើរតាមគោលការណ៍របស់ ក្រុមហ៊ុនមេតា នឹងត្រូវបិទក្នុងពេល៤៨ម៉ោង ចុចលើlink នេះដើម្បីតវ៉ា ជាដើម។ ពេលអ្នកភ័យ ហើយចុចលើ link នោះ មានន័យថាអ្នកស៊ីសន្ទួចគេហើយ។
សារត្រូវរង្វាន់
សារផ្តល់ជាការងារ ឬឱកាសណាមួយ
ទិន្នន័យដែលវាចង់លួចមានដូចជា ព័ត៌មានទាក់ទងនឹងកាតធនាគារ ឯកសារសម្ងាត់ផ្សេងៗ ព័ត៌មានទាក់ទងគណនីបណ្តាញសង្គមរបស់អ្នកប្រើ ជាដើម។
តើត្រូវធ្វើដូចម្តេចដើម្បីការពារកំុឲ្យក្លាយជាជនរងគ្រោះដោយសារ Phishing Scams នេះ?
ងាយៗទេ! គឺសូមកំុជឿលើសារដែលផ្ញើមកអ្នកលឿនពេក។ អ្នកត្រូវតែសិក្សាអំពីអាសយដ្ឋានអ៊ីមែល លេខទូរសព្ទដែលផ្ញើមកអ្នក ឲ្យបានច្បាស់សិនមុនសម្រេចចិត្តថាជឿ ឬមិនជឿ។ ចំពោះអាសយដ្ឋាន អ៊ីមែល ជនល្មើសតែងតែបន្លំអក្សរណាមួយដែលមើលទៅស្រដៀងនឹងអាសយដ្ឋានអ៊ីមែលរបស់ក្រុមហ៊ុន ឬមនុស្សពិតប្រាកដ។ ត្រូវត្រជាក់ចិត្ត គិតគូរឲ្យច្បាស់លាស់ មុននឹងលើ link ទំាងនោះ។
Comments