របៀបការពារខ្លួនពីការបោកប្រាស់តាមប្រព័ន្ធអ៊ីនធើណេត
- តាំង ចន្ថា
- Mar 18
- 1 min read
Updated: Mar 31

បច្ចេកវិទ្យាកាន់តែរីកចំរើន ការបោកប្រាស់តាមប្រព័ន្ធអ៊ីនធើណេតក៏កើនឡើងដូចគ្នា។ មានវិធីជាច្រើនដែលឧក្រិដ្ឋជនប្រើក្នុងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធើណេតនេះ។ ថ្ងៃនេះ យើងនឹងជីកកកាយវិធីសាស្រ្ត១ ក្នុងចំណើមវិធីសាស្រ្តជាច្រើនដែលឧក្រិដ្ឋជនបានប្រើ នោះគឺ Big Butchering Scam ដែលជាភាសាខ្មែរហៅថា ការសម្លាប់ជ្រូក។
អ្វីទៅជា Pig Butchering?
ឧក្រិដ្ឋជនចាត់ទុកជនរងគ្រោះគោលដៅរបស់វាដូចជាសត្វជ្រូក។ វាចាប់ផ្តើមស្អាងទំនាក់ទំនងជាមួយជនរងគ្រោះតាមមធ្យោបាយផ្សេងៗ នៅក្នុងបណ្តាញសង្គម បន្ទាប់មកចាប់ផ្តើមបោកបញ្ឆោតជនរងគ្រោះឲ្យចំណាយលុយក្នុងរូបភាពជាការបណ្តាក់ទុន នៅក្នុងក្រុមហ៊ុនណាមួយ ហើយបើវាជោគជ័យនោះទំនាក់ទំនងនោះនឹងត្រូវកាត់ផ្តាច់។
តាមការរៀបរាប់ខាងលើយើងឃើញថាមាន៣ ដំណាក់កាលដែលឧក្រិដ្ឋជនប្រើ នៅក្នុងដំណាក់កាលនៃការបោកប្រាស់តាមអ៊ីនធើណេតនេះ៖
១. ការស្អាងទំនុកចិត្ត៖ ពួកវាព្យាយាមគ្រប់វិធីក្នុងការបង្កើតទំនាក់ទំនងជាមួយជនរងគ្រោះ។ ពួកវាព្យាយាមផ្ញើសាមកជនរងគ្រោះជាមុន ហើយជារៀងរាល់ថ្ងៃ រហូតដល់ជនរងគ្រោះឆ្លើយតប។ ប្រសិនបើអ្នកជ្រុលខ្លួនឆ្លើយតប ជាមួយពួកវាហើយ នោះអ្នកប្រហែលជាអាចត្រូវបាន ពួកវាទាញចូលទៅក្នុងជំហានទី២៖
២. ការបញ្ឆោត៖ បន្ទាប់ពីអ្នកទុកចិត្តអ្នក មនុស្សក្លែងក្លាយដែលព្យាយាមកសាងទំនាក់ទំនងជាមួយអ្នកហើយ ពួកវាចាប់ផ្តើមណែនាំអ្នកអំពី កម្មវិធីវិនិយោគ (investment platform) ណាមួយដែលពួកវាបានបង្កើតឡើង។ ពួកវាប្រហែលជាណែនាំឲ្យអ្នកដាក់លុយតិចតួច ប្រហែលពី៥ ទៅ១០ ដុល្លា ដើម្បីសាកល្បង។ បន្ទាប់ពីអ្នកទទួលបានផលត្រឡប់វិញនូវលុយដើមតិចតួចនេះ វានឹងបញ្ចុះបញ្ចូលអ្នកឲ្យដាក់លុយធំចូលតែម្តង។ បន្ទាប់ពីអ្នកបានដាក់លុយធំចូលហើយ វាចាប់ផ្តើមបន្តទៅជំហានទី៣៖
៣. ការសម្លាប់៖ ការសម្លាប់ទីនេះ គឺសំដៅលើការសម្លាប់ទំនាក់ទំនងជាមួយអ្នក។ បន្ទាប់ពីវាទទួលបានលុយពីអ្នកក្នុងបរិមាណណាមួយ ដែលពួកវាគិតថាសមល្មមហើយ នោះវានឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយអ្នកតែម្តង។
ទឹកប្រាក់ប្រមាណ ៣.៥ប៊ីលាន ដុល្លាអាមេរិកត្រូវបានបាត់បង់ ទៅក្នុងការឆបោកតាមអនឡាញប្រភេទនេះ នៅក្នុងឆ្នាំ២០២៣
ការខាតបង់លើពួកបោកប្រាស់ប្រភេទ Pig Butchering
តាមរបាយការណ៍ពី ស្នាក់ការទទួលបណ្តឹងឧក្រិដ្ឋកម្មតាមអ៊ីនធើណេតរបស់ FBI បង្ហាញថាទឹកប្រាក់ប្រមាណ ៣.៥ប៊ីលាន ដុល្លាអាមេរិកត្រូវបានបាត់បង់ ទៅក្នុងការឆបោកតាមអនឡាញប្រភេទនេះ នៅក្នុងឆ្នាំ២០២៣។ ហើយក្នុងពេលដូចគ្នានេះដែរ មានមួយករណី ដែលជនរងគ្រោះបានចាញ់បោកឧក្រិដ្ឋជនរហូតដល់ ២.៥លាន ដុល្លា អាមេរិក។
វិធីការពារខ្លួនពីការបោកប្រាស់តាមអ៊ីនធើណេត ប្រភេទ Pig Butchering
វិធីតែមួយគត់ដើម្បីការពារខ្លួនអ្នក គឺកុំបណ្តោយឲ្យខ្លួនអ្នកធ្លាក់ចូលការសន្ទនាជាមួយមនុស្សមិនស្គាល់តាម អ៊ីនធើណេតឲ្យសោះ។ ប្រសិនបើមានការណែនាំអំពីការវិនិយោគអ្វីមួយពីមនុស្សដែលមិនស្គាល់់តាមរយៈឆាត សូមកុំបន្តការសន្ទនានោះទៀតអី។ ត្រូវចាំថា ក្រុមឧក្រិដ្ឋជនឆបោកនេះ ពួកវាមិនមែនធ្វើការតែម្នាក់ឯងទេ គឺធ្វើការជាក្រុម ហើយពួកវាពិភាក្សាគ្នារិះរកវិធីដើម្បីបញ្ឆោតអ្នកឲ្យបានជោគជ័យ។
Comentários